ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារ នៅអង្គការមជ្ឈមណ្ឌលអរុណរៈ (សាន់រ៉ាយ) ស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ
អភិបាលខេត្តកណ្តាល អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារនៅអង្គការមជ្ឈមណ្ឌលអរុណរៈ (សាន់រ៉ាយ)
ខេត្តកណ្តាល៖នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារនៅអង្គការមជ្ឈមណ្ឌលអរុណរៈ (សាន់រ៉ាយ) ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អង្គការអរុណរៈកម្ពុជា (Sunrise Cambodia) មានទីតាំស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ អង្គការនេះ គឺជាស្ថាប័នមិនរកប្រាក់ ចំណេញ ដ៏ល្បីល្បាញមួយ កំពុងធ្វើការនៅលើទឹកដីប្រទេសកម្ពុជា ដើម្បីផ្តល់ជំនួយចាំបាច់ទៅដល់កុមារងាយរង គ្រោះ គ្រួសារកំពុងមានការ លំបាក និងសហគមន៍ក្រីក្រ នៅក្នុងបណ្តាខេត្ត នៃប្រទេសកម្ពុជា។
អង្គការអរុណរៈកម្ពុជា ផ្តល់ការថែទាំពេញលេញ ដល់កុមារកំព្រា កុមារដែលត្រូវបានជួញដូរ កុមារដែលត្រូវបានបោះបង់ចោល កុមារដែលមានពិការភាព កុមារផ្ទុកមេរោគអេដស៍ និងកុមារក្រីក្រ ហើយអង្គការក៏កំពុងតែបង្កើត និងអនុវត្តន៍គម្រោងដែលមានលក្ខណៈវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការអភិវឌ្ឍន៍កម្មវិធី អប់រំ ដែលមានគុណភាព និងឱកាស សម្រាប់កុមារងាយ រងគ្រោះទាំងនេះ។
បេសកកម្មរបស់អង្គការអរុណរះ ផ្តល់ក្តីស្រឡាញ់ ចិញ្ចឹមបីបាច់ និងផ្តល់សិទ្ធិអំណាចដល់កុមារដែលងាយរងគ្រោះ តាមរយៈការគាំទ្រ ពេញលេញ និងឱកាសសិក្សាឱ្យជីវិតប្រសើរឡើងទៅដល់សហគមន៍ដែលជួបការលំបាក។
ក្នុងឱកាសសួរសុខទុក្ខ និងសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាននាំយកនូវអំណោយឧបត្ថមដល់អង្គការ មានដូចជា៖ អង្គរ ចំនួន២០០០គីឡូក្រាម, ទឹកស៊ីអីវ ១០យូរ, ទឹកត្រី ១០យូរ, មី ១០០កេស, នំ ៥បេ, ប៊ីចេង ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកម្ទេស ៨យូរ, អំបិល ១៥គីឡូក្រាម, ប្រេងខ្យង ៣០ដប, ខ្ទឹមស ២០គីឡូក្រាម, ត្រីផាត់ ១ថង់, កាពិផាវ ៥០កំប៉ុង, ទឹកសុទ្ធ ២០០យូរ, ទឹកក្រូច ១០កេស, ទឹកដោះគោក្មេង ២០កេស, ថវិកាសម្រាប់បុគ្គលិកក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងឧបត្ថម្ភអង្គការ ១០លានរៀល។